ស្បែកមានជាតិប្រេងច្រើន កោសិកាងាប់ៗ ធូលីកខ្វក់ រួមទាំងបាក់តេរីផ្សេងៗ អាចធ្វើឲ្យរន្ធញើសស្ទះនិងរីកកាន់តែធំទៅៗ។ ការថែរក្សាស្បែកពិតជារឿងសំខាន់ ប៉ុន្តែពេលខ្លះប្រសិនបើលើសលប់ពេក ឬធ្វើដោយមិនត្រឹមត្រូវ វានឹងបង្កផលអាក្រក់ដល់សុខភាពស្បែកមុខតែម្តង។
ដូចនេះហើយ រន្ធញើសរបស់អ្នកនឹងរីកកាន់តែធំទៅៗ បើអ្នកមានកំហុសទាំងប៉ុន្មានចំណុចខាងក្រោមនេះ៖
ប្រើផលិតផលជម្រុះកោសិកាខ្លាំងពេក៖ ការដុះខាត់ជម្រុះកោសិកាចាស់ៗលើស្បែក អាចជួយសម្អាតជាតិកខ្វក់ ជាតិប្រេង ដែលអាចបង្កឲ្យស្ទះរន្ធញើស។ ប៉ុន្តែការធ្វើញឹកញាប់ពេកក៏អាចធ្វើឲ្យស្បែកមានបញ្ហាដែរ ដូច្នេះអាចធ្វើ ១-២ដង ក្នុងមួយសប្តាហ៍ក៏គ្រប់គ្រាន់ណាស់ទៅហើយ។ សូម្បីតែការលាងសម្អាតមុខ ក៏មិនគួរលើសពីពីរដងដែរក្នុងមួយថ្ងៃ។
ប្រើក្រដាសជូតប្រេងលើមុខញឹកញាប់៖ ការប្រើប្រើប្រាស់ញឹកញាប់ពេក វានឹងបង្កផលប៉ះពាល់ដល់ស្បែក ព្រោះស្រទាប់ស្តើងនៃជាតិប្រេងមុខលើក៏មានសារប្រយោជន៍ចំពោះស្បែកដែរ។ បើអ្នកជូតវាឲ្យស្ងួតរហូតពេក នោះស្បែកនឹងព្យាយាមផលិតប្រេងកាន់តែច្រើន ជាហេតុនាំឲ្យស្ទះរន្ធញើសនិងរីកកាន់តែធំ។
បណ្តោយឲ្យស្បែកនៅស្ងួតយូរ៖ ស្បែកស្ងួតពេក នឹងបណ្តាលឲ្យមានស្នាមជ្រួញ ដែលធ្វើឲ្យផ្ទៃមុខឆាប់ចាស់។ វាក៏អាចធ្វើឲ្យរន្ធញើសលេចចេញមកក្រៅ និងមើលទៅឃើញកាន់តែធំ។ ដើម្បីការពារនិងជៀសវាងពីបញ្ហាអស់ទាំងនោះ គូរប្រើទឹកជូតឬផលិតផលណាដែលអាចផ្តល់សំណើម សមស្របទៅតាមប្រភេទស្បែករបស់អ្នក។
ញ៉ាំអាហារដែលមិនល្អចំពោះសុខភាពស្បែក៖ អាហារផលិតចេញពីទឹកដោះគោ ជាតិអាល់កុល ជាតិស្ករខ្ពស់ ហឹរ ឬប្រើខ្លាញ់ច្រើន គឺមិនល្អសម្រាប់សុខភាពស្បែកទេ។ វាអាចធ្វើឲ្យរាងកាយឡើងកម្តៅ ជាហេតុបង្កឲ្យឡើងមុន។ ការកើតមុននាំឲ្យក្រពេញញើសចុះខ្សោយ និងធ្វើឲ្យរន្ធញើសរីកកាន់តែធំ។ ហេតុនេះគួរជ្រើសរើសរបបអាហារដែលត្រឹមត្រូវ និងអាចជួយឲ្យសុខភាពស្បែកវិញ។
ព្យាយាមញេចមុន៖ ពិតណាស់នៅពេលញេចមុនឲ្យចេញមកខាងក្រៅ អាចធ្វើឲ្យអ្នកស្រឡះក្នុងចិត្ត ប៉ុន្តែគួរគិតពីសុវត្ថិភាពផង។ ប្រសិនបើអ្នកបង្ខំញេចទាំងមុនមិនទាន់ទុំស្រួលបួល បាក់តេរីនឹងជ្រៀតចូលទៅកាន់ស្រទាប់នៃស្បែក ដែលធ្វើឲ្យមុនកាន់តែរាលដាល រន្ធញើសរីកធំ និងបន្សល់ទុកនូវស្នាមមិនងាយជាសះស្បើយ។
ប្រើផលិតផលដែលនាំឲ្យស្ទះរន្ធញើស៖ ធាតុផ្សំមួយចំនួន ដែលត្រូវបានដាក់បញ្ចូលក្នុងផលិតផលថែរក្សាស្បែក ពិតជាមិនល្អឡើយប្រសិនបើអ្នកយកមកលាបនៅលើផ្ទៃមុខ។ ក្នុងនោះមានដូចជា ប្រេងដូង គ្រីមដែលមានផ្ទុកសារធាតុ Lanolin។ វាមានតួនាទីផ្តល់សំណើមពិតមែន ប៉ុន្តែផលអវិជ្ជមាននោះគឺ អាចបណ្តាលឲ្យស្បែកមានស្នាម និងបន្សល់ជាតិកខ្វក់នៅក្នុងរន្ធញើសទៅវិញ។
ថែមគ្រឿងសម្អាងញឹកញាប់ពេក៖ អ្នកអាចផាត់មុខស្តើងៗបែបធម្មជាតិរាល់ថ្ងៃ ប៉ុន្តែមិនគួរថែមញឹកញាប់ពេកទេ។ បើអ្នកផាត់ម្សៅក្រាស់ៗ ប្រៀបបានដូចជាអ្នកកំពុងបញ្ជូនជាតិកខ្វក់ ជាតិប្រេង និងបិទរន្ធញើសជិតឈឹង។ ពេលនោះហើយ ដែលធ្វើឲ្យស្បែកងាយនឹងកើតបញ្ហាផ្សេងៗ ជាពិសេសគឺចេញមុនតែម្តង។
មិនប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃ៖ ពន្លឺព្រះអាទិត្យពិតជាមានផលប៉ះពាល់ជាច្រើនដល់ស្បែកដូចជា ធ្វើឲ្យស្បែកស្ងួតរឹង បាត់បង់ខូឡាជែន ភាពរលាស់ ជាតិទឹក និងធ្វើឲ្យជាលិការួមតូច។ បញ្ហាទាំងនេះដែរ នឹងធ្វើឲ្យរន្ធញើសរីកកាន់តែធំទៅៗ ដូច្នេះគួរលាបឡេការពារកម្តៅថ្ងៃ មុនពេលដែលអ្នកចេញទោខាងក្រៅប៉ះជាមួយនឹងកម្តៅថ្ងៃ៕