ពិតណាស់ ស្បែកមុខយើងនឹងលេចឡើងនូវស្នាមជ្រីវជ្រួញនៅពេលដែលយើងមានវ័យកាន់តែច្រើន ។ នេះដោយសារការផលិតជាតិខូឡាជែនមានការធ្លាក់ចុះ ហើយវាបណ្ដាលឲ្យស្បែកបាត់បង់ភាពយឺត។ ប៉ុន្តែ យើងប្រហែលជាមិនចាប់អារម្មណ៍ទេថា ក្រៅពីកត្តាអាយុហើយ របៀបរបបរស់នៅ ក៏ធ្វើឲ្យស្នាមជ្រីវជ្រួញឆាប់លេចឡើងនៅលើផ្ទៃមុខដែរ។ ដូច្នេះ អ្នកគួរតែចាប់ផ្ដើមប្ដូរទម្លាប់ទាំងនេះចេញភ្លាមទៅ។
ភ្លេចលាបឡេការពារកម្ដៅថ្ងៃ៖ កាំរស្មីចេញពីពន្លឺព្រះអាទិត្យ គឺជាអាវុធដ៏កាចសាហាវ ដែលចូលទៅបំផ្លាញស្បែក នៅពេលដែលយើងមិនបានប្រុងប្រយ័ត្ន។ វានឹងធ្វើឲ្យខូឡាជែននៃស្បែកបាត់បង់ ហើយបង្កទៅជាស្នាមជ្រីវជ្រួញនៅក្នុងមួយរំពេច។ ដូចនេះ ចូរកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃជាប់ជាប្រចាំ មិនថាយើងត្រូវចេញទៅក្រៅ ឬនៅក្នុងផ្ទះ។
មិនផ្ដល់សំណើមដល់ស្បែក៖ នៅពេលដែលស្បែកខ្វះសំណើម វានឹងក្លាយទៅជាស្ងួតគ្រើម។ ហេតុនេះហើយ ទើបការផ្ដល់សំណើមដល់ស្បែក គឺជាអ្វីដែលយើងមិនគួរមើលរំលងឡើយ។ ជាពិសេស គឺស្បែកខាងក្រោមភ្នែកដែលមានសភាពស្ដើងជាងគេបង្អស់ ដោយលាបគ្រីមការពារក្រោមភ្នែកឲ្យបានជាប់ជាប្រចាំ។
ញ៉ាំផ្អែមច្រើនពេក៖ ការញ៉ាំផ្អែមច្រើន គឺមិនល្អចំពោះសុខភាពឡើយ។ លើសពីនេះ វាក៏បង្កឲ្យមានការកើតមុន ព្រមទាំងពន្លឿននូវភាពចាស់ថែមទៀតផង។ ជាក់ស្ដែង ជាតិខូឡូជែន និងភាពយឺតនៃស្បែកនឹងកាន់តែចុះខ្សោយ នៅពេលដែលយើងញ៉ាំផ្អែមខ្លាំង ហើយក៏បណ្ដាលឲ្យលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែកតែម្តង។
គេងមិនគ្រប់គ្រាន់៖ បើយើងគេងមិនគ្រប់គ្រាន់ កម្រិតអ័រម៉ូនស្រ្តេសនឹងឡើងខ្ពស់ ដែលអាចចូលទៅបំផ្លាញជាតិខូឡាជែន និងធ្វើភាពយឺតនៃស្បែកចុះថយ ដែលជាហេតុបណ្ដាលឲ្យលេចឡើងនូវស្នាមជ្រីវជ្រួញ។
ការបំពុលបរិយាកាស៖ ការកើនឡើងនៃកម្រិតជាតិពុលនៅក្នុងបរិយាកាស បានបំផ្លាញសុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត ផ្សែងអ័ព្ទ និងកម្ទេចធូលីផ្សេងៗបានចូលទៅបំផ្លាញជាតិខូឡាជែន ដែលនាំឲ្យយើងឆាប់ចាស់ជាងវ័យ និងមានស្នាមជ្រីវជ្រួញលើស្បែក។ ហេតុនេះហើយ ចូរធ្វើការលាងសម្អាតផ្ទៃមុខឲ្យបានស្អាតល្អ ដើម្បីបន្ថយនូវផលប៉ះពាល់អវិជ្ជមានទាំងនេះ។
ត្រដុស ឬទាញស្បែកមុខខ្លាំងៗ៖ ជាមួយគ្នានេះដែរ ការត្រដុសខ្លាំងៗនៅលើផ្ទៃមុខ ដោយប្រើក្រដាសសើមជូត Make up ឬកូនកន្សែង និងការទាញស្បែកបរិវេណក្រោមភ្នែក ដើម្បីគូសត្រេភ្នែក ក៏ដូចជាការលើកចិញ្ចើមឡើងខ្ពស់ ដើម្បីលាបម៉ាស្ការ៉ា គឺសុទ្ធតែជាកត្តាដែលធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញ។ ទម្លាប់តូចតាចទាំងនេះ នឹងចូលទៅបំផ្លាញស្បែករបស់យើងដោយមិនដឹងខ្លួន។ ដូចនេះ នៅពេលដែលយើងត្រូវប៉ះពាល់ស្បែកមុខ ចូរប្រើដៃថ្នមៗបំផុតតាមដែលអាចធ្វើបាន៕