របបអាហារសម្រាប់ស្រ្តីមានផ្ទៃពោះសំខាន់ណាស់ព្រោះវាជាគ្រឿងទ្រទ្រង់សុខភាពរបស់អ្នកម៉ាក់និងកូនក្នុងផ្ទៃ។ អ្នកម៉ាក់ត្រូវប្រយ័ត្នចំពោះអាហារដែលត្រូវញ៉ាំ ព្រោះថាវាអាចប៉ះពាល់ដល់ការលូតលាស់ និងការវិវដ្ដរបស់កូននៅក្នុងផ្ទៃ។ ប៉ុន្តែផ្លែឈើទាំងនេះ អាចផ្ដល់ឱ្យម៉ាក់ៗនូវវីតាមីន និងសារធាតុរ៉ែល្អៗ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនកូនផងដែរ។ ផ្លែឈើពិតជាផ្ដល់នូវវីតាមីន និងសារធាតុរ៉ែដែលអាចជួយដល់កូនក្នុងផ្ទៃ។ ម៉ាក់ៗក៏ត្រូវការអាហារដែលសម្បូរជាតិសរសៃ ប៉ូតាស្យូម វីតាមីន A និង C អាស៊ីតហ្វូលិក និងសារធាតុចិញ្ចឹមផ្សេងៗដើម្បីរក្សារាងកាយឱ្យរឹងមាំរហូតដល់ពេលសម្រាល។
ទាំងនេះគឺជាផ្លែឈើដែលល្អសម្រាប់សុខភាពម៉ាក់ៗ និងគួរញ៉ាំពេលកំពុងពពោះ៖
ផ្លែប៉ោម៖ ផ្លែប៉ោមមានជាតិសរសៃខ្ពស់ដែលអាចជួយដល់ការគ្រប់គ្រងក្នុងការរំលាយអាហារ និងការពារពីជំងឺឫសដូងបាតដែលជាបញ្ហាទូទៅម៉ាក់ៗភាគច្រើនជួបប្រទះ។
ក្រូច៖ ផ្លែក្រូច គឺសម្បូរដោយវីតាមីន C ហើយវាក៏អាចជួយដល់ការរំលាយអាហាររបស់ម៉ាក់ៗ និងជួយទប់ស្កាត់ដល់ការចាញ់កូនពេលនៅពេលមានផ្ទៃពោះផងដែរ។
ផ្លែចេក៖ ផ្លែចេកទុំ គឺជាប្រភពប៉ូតាស្យូម ដែលវាអាចជួយដល់ការគ្រប់គ្រងសារធាតុរាវ និងសម្ពាធឈាមនៅក្នុងរាងកាយរបស់ម៉ាក់ៗ និងការពារពីការរមួលក្រពើ ឬការឈឺចាប់អំឡុងពេលមានផ្ទៃពោះ។
គីវី៖ ផ្លែគីវីវាមានផ្ទុកសារធាតុអាស៊ីតហ្វូលិកកម្រិតខ្ពស់ ហើយក្រៅពីនេះវាមានរសជាតិឆ្ងាញ់ផងដែរ និងអាចរួមចំណែកកាត់បន្ថយហានភ័យពិការភាពរបស់គភ៌ពីកំណ់តផងដែរ។ លើសពីនេះ គីវីអាចជួយម៉ាក់ៗដែលកំពុងពពោះក្នុងការស្រូបយកជាតិដែកបានយ៉ាងមានប្រសិទ្ធភាព ដែលចាំបាច់សម្រាប់ធានាថាឈាមរបស់ម៉ាក់មានផ្ទុកអុកស៊ីសែនគ្រប់គ្រាន់ដល់ទារកក្នុងផ្ទៃ។
ផ្លែឪឡឹក៖ ផ្លែឪឡឹកមានវីតាមីន A C និង B6 ក៏ដូចជា ប៉ូតាស្យូម និងម៉ាញេស្យូម សម្រាប់ការពារពីការរមួលក្រពើ។ ម៉ាញ៉េស្យូម អាចជួយសម្រួលដល់សាច់ដុំដែលអាចការពារពីការកន្ត្រាក់ស្បូនកំឡុងពេលមានផ្ទៃពោះ។ លើសពីនេះផ្លែឪឡឹកក៏អាចប្រឆាំងនឹងការចាញ់កូន ដោយជួយកាត់បន្ថយក្នុងការក្រហាយទ្រូង និងការពារពីការខ្សោះជាតិទឹក។
ផ្លែប៊ឺរី៖ ផ្លែប៊ឺរី គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារពីជំងឺធ្ងន់ធ្ងរទាំងម្ដាយនិងទារក។ វារួមបញ្ចូលទាំងផ្លែស្រ្ត័របឺរី ប្លូបឺរី និងប្រភេទផ្លែប៊ឺរីផ្សេងទៀតផងដែរ៕