ប្រធានបទរបស់យើងខ្ញុំនៅពេលនេះ នឹងបង្ហាញប្រាប់អ្នកពីវិធីធ្វើអោយមានក្លិនខ្លួនល្អគ្រប់ពេលវេលា។ ដំបូង យើងត្រូវដឹងថាមូលហេតុដ៏សំខាន់នៃការមានក្លិនខ្លួនអាក្រក់នោះគឺដោយសារតែការបែកញើស។ តាមពិត ញើសមិនធ្វើអោយរាងកាយមានក្លិនមិនល្អនោះទេ ប៉ុន្តែនៅពេលវាច្របល់ចូលគ្នានឹងបាក់តេរីនៅលើស្បែក ទើបបានបង្កើតទៅជាក្លិនអាក្រក់។ យើងមិនអាចបញ្ឈប់រាងកាយកុំអោយបែកញើសបានទេ ប៉ុន្តែយើងមានវិធីសាស្ត្រដើម្បីបង្ការកុំអោយមានក្លិនខ្លួនអាក្រក់ និងមានក្លិនល្អឡើងវិញគ្រប់ពេល ក្រោយពីបែកញើសឡើងជោគខ្លួន។
វិធីសាស្ត្រដើម្បីបង្ការកុំអោយមានក្លិនខ្លួនអាក្រក់គឺ ត្រូវងូតទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ មនុស្សគ្រប់គ្នាដឹងអំពីសារៈសំខាន់នៃការងូតទឹកណាស់ ព្រោះវាធ្វើអោយអ្នកមានក្លិនខ្លួនល្អបាន។ អ្នកមិនអាចមានក្លិនខ្លួនល្អបានទេបើសិនជាមិនបានងូតទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ តាមរយៈការងូតទឹកនេះ យើងខ្ញុំចង់សម្តៅទៅលើការលាងសម្អាតរាងកាយបានយ៉ាងល្អ ជាពិសេសកន្លែងដែលអាថ៌កំបាំងទាំងអស់របស់រាងកាយ។
ចូរប្រាកដថា នៅពេលងូតទឹក អ្នកបានលាងសម្អាតកន្លែងគ្រប់ផ្នែកលើរាងកាយទាំងអស់ដូចជា ឃ្លៀក, ក, ក្រោយស្លឹកត្រចៀក និងភ្លៅខាងក្នុង ព្រោះកន្លែងទាំងអស់នេះជាកន្លែងដែលបាក់តេរីបង្កក្លិនចូលចិត្តរស់នៅ និងលាក់ខ្លួនណាស់។
សម្រាប់មនុស្សស្រីវិញ វាគឺជារឿងសំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់ទ្វារមាស ព្រមទាំងនៅផ្នែកខាងក្រោមសុដន់ពេលកំពុងងូតទឹក។ ចូរប្រាកដថា អ្នកបានលាងសម្អាតកន្លែងទាំងនេះបានយ៉ាងល្អហើយដើម្បីចៀសវាងការបង្កើតក្លិនមិនល្អក្រោយពីបែកញើស។ ការដែលធ្វើអោយកន្លែងទាំងអស់នេះស្អាតល្អនឹងជួយធ្វើអោយអ្នកមានភាពស្រស់ស្រាយបានទោះបីជាកំពុងតែបែកញើសក៏ដោយ។
ប្រអប់ជើងត្រូវតែលាងសម្អាតអោយបានស្អាតបើសិនជាចង់អោយមានក្លិនស្រស់ស្រាយ។ មនុស្សគ្រប់គ្នាដឹងពីរបៀបដែលប្រអប់ជើងអាចមានក្លិនស្អុយ ជាពិសេសក្រោយពីមនុស្សម្នាក់បានបែកញើសនៅកន្លែងនេះ។ នៅពេលងូតទឹក អ្នកគួរតែចំនាយពេលមួយចំនួនដើម្បីលាងសម្អាតប្រអប់ជើង និងចន្លោះម្រាមជើងផង។
មិនត្រូវភ្លេចសម្អាតរន្ធគូថឡើយពេលងូតទឹក។ កន្លែងមួយនេះគឺជាហេតុផលមួយផ្សេងទៀតដែលមនុស្សមួយចំនួនមានក្លិនខ្លួនមិនល្អ។ កន្លែងនេះត្រូវការលាងសម្អាតគ្រប់គ្នាព្រោះលាមក និងបាក់តេរីនៅជាមួយគ្នាច្រើនតែម្តង៕