ទឹកដូងជាអំណោយធម្មជាតិដែលមានជាតិស្ករទាប និងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសុខភាពហើយ ទឹកដូងក៏ជួយដល់ការថែរក្សាធ្មេញ ការលូតលាស់សក់ថែមទៀត។ ទឹកដូង គឺជាសមាសធាតុថែរក្សាសក់ដ៏ល្អ ដែលជួយចិញ្ចឹម និងធ្វើឱ្យសក់របស់អ្នកមានសុខភាពល្អ ។ វាក៏ជួយដោះស្រាយបញ្ហាដូចជាសក់ជ្រុះផងដែរ ។ នៅពេលនេះយើងខ្ញុំនឹងបង្ហាញប្រិយមិត្តពីរបៀបប្រើប្រាស់ទឹកដូងដើម្បីជួយដល់សក់អោយកាន់តែស្រស់ស្អាត។
ប្រើទឹកដូងផ្តល់សំណើមដល់សក់៖ សូមប្រើទឹកដូងដើម្បីផ្តល់សំណើមដល់សក់ និងស្បែកក្បាលរបស់អ្នក ដោយយកទឹកដូងស្រស់កន្លះពែង ហើយចាប់ផ្តើមម៉ាស្សាវាទៅលើស្បែកក្បាលរបស់អ្នក ។ ម៉ាស្សាស្បែកក្បាលរបស់អ្នកប្រហែល ៥ នាទីរហូតទាល់តែវាសើមជោគ។ទុកវាចោលរយៈពេល ២០នាទី ។ អ្នកអាចរុំសក់របស់អ្នកដោយកន្សែងក្តៅដើម្បីឱ្យវាជ្រាបចូលកាន់តែជ្រៅ។ លាងសក់របស់អ្នកជាមួយជាមួយនឹងទឹកក្តៅឧណ្ហៗ។
ប្រើទឹកដូងធ្វើអោយសក់ទន់៖ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ជាមួយទឹកដូងស្រស់១កែវ ហើយយកវាទៅម៉ាស្ស៉ាលើសរសៃសក់ និង ស្បែកក្បាលទុកចោលប្រហែល ២០ នាទីចាំលាងជាមួយទឹកស្អាត។ ទឹកឃ្មុំនិងទឹកដូងគឺជាសារធាតុរំញោច ដែលជួយរក្សាសំណើមដល់សក់របស់អ្នក ដោយធ្វើឱ្យវាមានសភាពទន់ មានសុខភាពល្អនិងមិនមានការខូចខាត។
ព្យាបាលសក់បែកចុង៖ យកទឹកដូងលាងជាមួយនឹងសាច់ប្រទាលកន្ទុយក្រពើ រួចយកមកលាបលើសក់ ៣០នាទី មុននឹងលាងចេញដោយប្រើសាប៊ូ និងទឹកក្តៅឧណ្ហៗ។ រូបមន្តនេះ ផ្តល់សំណើមយ៉ាងខ្លាំងដែលនឹងធ្វើឱ្យសក់របស់អ្នកមានភាពទន់រលោង និងអាចគ្រប់គ្រងបាន។ វាជួយកាត់បន្ថយការបែកចុងបានយ៉ាងមានប្រសិទ្ធភាព៕