*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកបានដឹងអ្វីខ្លះអំពីជ្រាំងអណ្តាត?

  • ជ្រាំងអណ្ដាត កើត​ឡើង​ពីផ្សិត​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើភ្នាស​ក្នុង​មាត់​​។ ផ្សិត​ប្រភេទ​នេះ​ជា​សរីរាង្គ​ធម្មតា​មួយ​នៅ​ក្នុង​មាត់ ប៉ុន្តែ​ពេល​ខ្លះ​ពួកវា​បាន​លូត​លាស់​ខ្លាំង និង​បង្ក​ឲ្យមាន​រោគ​សញ្ញា​ជា​ជំងឺ​ជ្រាំង​អណ្ដាត​។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ដំបៅពណ៌​ស​ក្នុង​​មាត់ ដែល​ជា​ធម្មតា​អាច​មាន​នៅ​លើ អណ្ដាត ឬ​សាច់​​​ថ្ពាល់ខាង​ក្នុង​ និង​​មាន​ពេល​ខ្លះ​អាច​​រាល​ដាល​ដល់​ក្រអូមមាត់ អញ្ចាញ​ធ្មេញ បំពង់​ក ឬ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក។

    ជំងឺ​ជ្រាំង​អណ្តាត​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ តែ​គេ​ច្រើន​ឃើញ​កើត​លើ​ទារក និង​មនុស្ស​វ័យ​ចំណាស់​ ដោយ​សារ​តែ​ភាព​ស៊ាំ​អ្នក​ទាំង​នោះ​ចុះ​ខ្សោយ និង​ក៏​អាច​កើត​លើ​គ្នា​យើង​ដែល​មាន​ស្ថានភាព​សុខភាព​មិន​ល្អ ឬ​អ្នក​កំពុង​ប្រើ​ថ្នាំ​ផ្សេងៗ​។ ជំងឺ​នេះ​អាច​ជា​បញ្ហា​តូច​តាច​ប្រសិន​បើ​យើង​មាន​សុខភាព​ល្អ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ រោគ​សញ្ញា​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ពិបាក​គ្រប់​គ្រង។ ចំពោះទារក​អាច​បណ្ដាល​មក​ពី ការ​បំបៅដោះ​។ ទារក​អាច​ចម្លង​រោគ​ផ្សិត​ទៅ​ម៉ាក់ពេល​បៅដោះ​ ផ្សិត​នៅ​ដោះ​ម៉ាក់ក៏​អាច​ឆ្លង​មក​​មាត់​ទារក។ អ្នកម៉ាក់ដែល​ឆ្លង​មេរោគផ្សិត​ប្រភេទ​ Candida អាច​មាន​សញ្ញា​ និង​រោគ​សញ្ញា​ដូចជា ចុង​សុដន់​អាច​ឡើង​ក្រហម​ខុស​ពី​ធម្មតា ស្រៀវ ប្រេះ ឬ​រមាស់​។ ស្បែក​រលោង ឬ​រោល​នៅ​លើ​រង្វង់​ខ្មៅ​ជុំវិញ​ក្បាល​សុដន់។ ឈឺ​ចាប់​ខុស​ធម្មតា​ពេល​បំបៅ ឬ​ក្បាល​សុដន់​ឈឺ​នៅ​ពេល​បំបៅ។ មាន​អាការៈ​ឈឺ​ខ្ទាំ​នៅ​ក្នុង​សុដន់។

    រោគ​សញ្ញាជ្រាំងអណ្តាតមានដូចជា មាន​ជ្រាំង​ ឬ​ដំបៅ​ពណ៌ស​នៅ​លើ​អណ្ដាត សាច់​ថ្ពាល់​ខាង​ក្នុង​ និង​ពេល​ខ្លះ​មាន​នៅ​លើ ក្រអូម​មាត់ អញ្ចាញ​ធ្មេញ និង សាច់​បំពង់​ក។ ដំបៅ​អាច​មាន​ចេញ​រូប​រាង​ដូច​ឈីស។ ការ​ឡើង​ក្រហម ការ​រលាក ឬ​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការ​ញ៉ាំ។ មានហូរឈាមបើជូតចេញខ្លាំង ឬ​កកិត​គ្នា។ ប្រេះ និង​ឡើង​ក្រហម​នៅ​ក្នុង​​មាត់។ បាត់​បង់​រសជាតិ រលាក​អញ្ចាញ​ធ្មេញ។ ក្នុង​ករណី​ធ្ងន់ធ្ងរ ​​អាច​ទាក់​ទង​នឹង ជំងឺ​មហារីក ឬ​ប្រព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ ​ហើយដំបៅ​អាច​រាល​ដាល​ដល់​បំពង់​អាហារ។ ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​ យើង​អាច​ពិបាក​ញាំ​ និង​ឈឺ​ចាប់ ​ឬ​មាន​អារម្មណ៍​ដូច​ជា​អាហារ​ជាប់​នៅ​ក្នុង​បំពង់​ក។

    ចំពោះការព្យាបាលជំងឺជ្រាំងអណ្ដាតមាន២របៀបក្នុងនោះរួមមាន៖

    វិធីព្យាបាលសាមញ្ញដែលអាណាព្យាបាលអាចធ្វើបាន ការព្យាបាលគឺអាចចាប់ផ្ដើមពីអាណាព្យាបាលផ្ទាល់ដោយ ម្ដាយត្រូវសម្អាតមាត់កូនដែលមានជំងឺតាមវិធីដូចខាងក្រោម៖ ដាំទឹកឲ្យពុះហើយទុកឲ្យនៅក្ដៅឧណ្ហៗ, បង់អំបិលស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗនោះឲ្យប្រៃល្មម, យកក្រណាត់ទន់ៗស្អាត ដែលបានស្ងោរសម្លាប់មេរោគហើយមកជ្រលក់ទឹកអំបិលក្ដៅឧណ្ហៗនោះជូតសម្អាតក្នុងមាត់ លើអណ្ដាតឲ្យបានញឹកញាប់អាចពីបួនទៅប្រាំមួយដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនអាចជូតខ្លាំងពេកទេព្រោះធ្វើឲ្យអណ្ដាតកុមារឈឺឬចេញ ឈាមបាន។ ផ្ទុយទៅវិញបើលោកអ្នកយកក្រណាត់មិនស្អាត ឬមិនបានសម្លាប់មេរោគជាមុនទេនោះការសម្អាតនោះនឹងក្លាយជាការ ចម្លងមេរោគ និងធ្វើឲ្យជំងឺជ្រាំងលើទារកកាន់តែធ្ងន់ធ្ងរថែមទៀត។

    រីឯវិធីព្យាបាលតាមបែបវេជ្ជសាស្ដ្រ គឺជាសមត្ថកិច្ចរបស់គ្រូពេទ្យជំនាញ ក្នុងនោះការព្យាបាលមានទាំងប្រើថ្នាំជូតសម្អាតក្នុងមាត់ លើអណ្ដាត ពិសេសកន្លែងមានដំបៅជ្រាំង និងមានទាំងថ្នាំលេបតាមកម្រិតជំងឺធ្ងន់ធ្ងរ ឬក៏ស្រាល។ ការព្យាបាលនេះអាចជាសះស្បើយក្នុងអំឡុងពេលមួយសប្ដាហ៍។

    ក្រៅពីការព្យាបាលយើងក៏មានវិធីបង្ការជំងឺជ្រាំងអណ្ដាតដែរគឺ ការលាងសំអាតមាត់អណ្តាតនិងធ្មេញឲ្យបានជាប្រចាំ។ ធ្វើការពិនិត្យធ្មេញជាមួយគ្រូពេទ្យធ្មេញឲ្យបានត្រឹមត្រូវ។ កាត់បន្ថយការបរិភោគអាហារផ្អែមពេក ពីព្រោះអាហារផ្អែមពេកងាយធ្វើឲ្យក្រុមមេរោគផ្សិតលូតលាស់។ ធ្វើការគ្រប់គ្រងនិងតាមដានពីជំងឺទឹកនោមផ្អែមរបស់អ្នកឲ្យបានត្រឹមត្រូវ។ ពិសារទឹកឲ្យបានគ្រប់គ្រាន់កុំឲ្យក្រអូមមាត់ស្ងួតពេក។ ការប្រើថ្នាំប្រឆាំងមេរោគផ្សិតអណ្តាត។

    ករណីបំបៅកូនដោយទឹកដោះ ម្ដាយត្រូវទទួលទានអាហារឲ្យបានគ្រប់គ្រាន់ និងមានវីតាមីនច្រើនប្រភេទដើម្បីការពារ ការកើតមានជំងឺពងបែក ឬរលាក ដែលបណ្ដាលឲ្យកើតជ្រាំងអណ្ដាត។ កុមារដែលអាចញ៉ាំអាហារបានគួរឲ្យចំណីអាហារដែលមាន ជីវជាតិគ្រប់គ្រាន់ ដូចជាជាតិសាច់ ត្រី បន្លែពណ៌បៃតងចាស់ និងផ្លែឈើពណ៌លឿងទុំ និងចំណីអាហារមានជាតិវីតាមីនច្រើនប្រភេទ។ លើសពីនេះត្រូវមានអនាម័យល្អផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV