ការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុភាពនារី ហើយការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម និងមានសភាពទន់ភ្លឺរលោង។
ដោយសារបែបនេះហើយ ទើបយើងខ្ញុំនឹងលើកឡើងនូវវិធីសម្អាតផ្ទៃមុខងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាតែប៉ុណ្ណោះ។
គ្រឿងផ្សំ៖
ទឹកសូដា ១កំប៉ុង
ទឹកធម្មតា ១ កែវ
ចានដាក់ទឹក១
ចំពោះវិធីនៃការប្រើប្រាស់មាន២បែបដែលអ្នកជ្រើសរើសបាន។
វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។ អនុវត្តវិធីបែបនេះដដែលៗឱ្យបាន ៥ ទៅ ៦ ដង។
វិធីទី២៖ លាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នានៅក្នុងចានធំមួយដែលល្មមឱ្យអ្នកដាក់ផ្ទៃមុខចូលទៅបាន។ បន្ទាប់មកដាក់ផ្ទៃមុខរបស់អ្នកត្រាំឱ្យលិចទៅក្នុងទឹកនោះរយៈពេល ១០ ទៅ ១៥វិនាទីជាការស្រេច។
ការអនុវត្តវិធីសាស្រ្តបែបនេះជាទៀងទាត់ក្នុងមួយសប្តាហ៍ ២ ទៅ ៣ដង អាចជួយសំអាតរន្ធញើសរបស់អ្នកបានស្អាតល្អ ធ្វើឱ្យស្បែកមុខស ទន់ ភ្លឺ រលោង ថែមទាំងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀតផង។ បើសិនជាអ្នកចង់ប្រើប្រាស់វាជាប្រចាំថ្ងៃ អ្នកអាចយកទឹកសូដាដែលលាយជាមួយទឹកធម្មតានោះច្រកដាក់ក្នុងដបសម្រាប់បាញ់ទុកប្រើប្រាស់នៅពេលក្រោយបានផងដែរ។
អនុវត្តន៍ជាប្រចាំអ្នកនឹងទទួលបានផលប្រយោជន៍របស់វាគឺ ជួយលាងសំអាតជាតិកខ្វក់ ដី ធូលី និងបាក់តេរីផ្សេងៗចេញពីផ្ទៃមុខ។ ជួយផ្តល់អុកស៊ីហ្សែននិងជារបាំងការពារផ្ទៃមុខ ថែមទាំងជួយធ្វើឱ្យស្បែកមុខដែលហើម ប្រែក្លាយទៅជា ទន់ ស ភ្លឺរលោង។ ជួយធ្វើឱ្យសារជាតិខូឡាជែនរបស់ស្បែកមុខកាន់តែរឹងមាំដើម្បីការពារ និងពន្យារអាយុកាលនៃស្បែកមុខកុំឱ្យខូចខាត ឬឆាប់ចាស់។ ជួយកម្ចាត់កោសិកាស្បែកដែលងាប់ ឬខូចខាត ឱ្យមានសុខភាពល្អឡើងវិញ និង ជួយគ្រប់គ្រង និងបំបាត់ស្បែកមុខដែលមានជាតិខ្លាញ់ផងដែរ ៕