លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែបន្តធ្វើជាប្រធានក្រុមដដែល ទោះបីបានដើរចេញពីទីលានពាក់កណ្តាលទីអំឡុងការប្រកួតស្មើគ្នា ២-២ ទល់នឹងក្រុមសែបក្តី។
កីឡាករវ័យ៣៦ឆ្នាំបានបង្ហាញកាយវិការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាលលោក Danny Makkelie បដិសេធគ្រាប់បាល់ចុងម៉ោងរបស់គេ ធ្វើឲ្យការប្រកួតរវាងក្រុមទាំង២បញ្ចប់ដោយលទ្ធផលស្មើគ្នា។
Ronaldo អាចនឹងប្រឈមមុខនឹងការដាក់ពិន័យរបស់ FIFA បន្ទាប់ពីបានដោះស្លាកប្រធានក្រុមចេញពីដៃគប់ទៅលើស្មៅ និងស្រែកដាក់មុខអាជ្ញាកណ្ដាល។ ប៉ុន្តែលោក Santos បានឈរគាំទ្រពីក្រោយ Ronaldo និងប្រាប់ថា គេនៅតែជាប្រធានក្រុមរបស់ព័រទុយហ្គាល់។
លោក Fernando Santos បានអះអាងបែបនេះថា “ Cristiano Ronaldo នៅតែជាប្រធានក្រុម។ គេគឺជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា។”
បច្ចុប្បន្ន ព័រទុយហ្គាល់ កំពុងឈរលេខ២ ក្នុងពូល A មាន៤ពិន្ទុ ក្រោយឆ្លងកាត់២ប្រកួត ស្មើក្រុមសែបដែលនៅកំពូលតារាង ។ ក្រុមបញ្ចខែលនឹងបន្តលេងវគ្គជម្រុះ World Cup ដោយប៉ះក្រុមម្ចាស់ផ្ទះលុចសំបួរនៅយប់នេះ៕