ការញេចមុនមិនមែនជាជម្រើសដែលយើងគួរធ្វើនោះទេ ប៉ុន្តែពេលខ្លះ យើងក៏មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានដែរ។
ជាទូទៅ ក្រោយពីញេចមុនរួចហើយ កន្លែងដែលញេចនោះ នឹងមានកន្ទួលក្រហម ជាមិនខាន។
ដូចនេះ ដើម្បីឲ្យមុនដែលញេចរួចឆាប់ជាសះស្បើយ ក៏ដូចជាកាត់បន្ថយការបំផ្លាញចំពោះស្បែក យើងអាចសាកល្បងវិធីសាស្ត្រមួយចំនួនដូចខាងក្រោម។
បញ្ឈប់ការកេះមុន៖ បន្ទាប់ពីញេចមុនរួច យើងគួរតែទុកពេលឲ្យស្បែកបានជាសះស្បើយជាមុនសិន ដោយមិនត្រូវញេចថែម ដើម្បីមើលថាវានៅសល់គ្រាប់មុនទៀតឬអត់នោះទេ។ មួយវិញទៀត ការកេះកន្ទួលមុននោះ ក៏ជាការបង្អាក់ដំណើរការនៃការជាសះស្បើយផងដែរ។
លាងសម្អាតផ្ទៃមុខបន្ទាប់ពីញេចមុន៖ ប្រសិនបើយើងទើបតែញេចមុនរួច ចូរលាងសម្អាតស្បែកថ្នមៗឲ្យបានស្អាត ដោយប្រើហ្វូមលាងមុខធម្មតា ដើម្បីបញ្ចៀសការឆ្លងមេរោគ ដែលអាចតោងជាប់នឹងដៃរបស់យើង ព្រមទាំងជៀសវាងធ្វើឲ្យជ្រុះក្រមរដែលកំពុងតែកកើតឡើង។
ប្រសិនបើហើមសូមស្អំទឹកកក៖ បន្ទាប់ពីញេចមុនរួចមុខរបស់យើងអាចហើម ព្រមទាំងមានស្នាមក្រហមជាក់ជាមិនខាន។ ទឹកកកអាចជួយបញ្ហានេះបាន ដោយវាកាត់បន្ថយបញ្ហារលាកបានយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាអាចធ្វើឲ្យស្បែកឆាប់វិលត្រលប់មករកសភាពដើមវិញ។ ចូរប្រើដុំទឹកកកដោយរុំជាមួយនឹងក្រណាត់ឬកន្សែងទន់ៗស្អំនៅលើបរិវេណដែលហើមនោះ រយៈពេលប្រហែលពីរបីនាទី និងធ្វើបែបនេះឲ្យបានបីបួនដងក្នុងមួយថ្ងៃ។
ប្រើប្រាស់ថ្នាំ ឬក្រែមព្យាបាលមុន៖ យើងអាចសាកល្បងប្រើថ្នាំ ឬក្រែមព្យាបាលមុនដើម្បីកាត់បន្ថយមុន។ ចូរលាបវាឲ្យបានខ្ជាប់ខ្ជួន រយៈពេលពី៤ ទៅ៦សប្ដាហ៍ទើបឃើញលទ្ធផល។
បន្តទន្លាប់ថែទាំស្បែកមុខជាប្រចាំ៖ ការថែទាំស្បែកមុខគឺជារឿងសំខាន់បំផុត។ ចូរលាងសម្អាតមុខឲ្យបានពីរដងជារៀងរាល់ថ្ងៃ ក៏ដូចជាលាបផលិតផលព្យាបាលមុន៕