បើនិយាយពីភាពចាស់ស្បែកជ្រីវជ្រួញ មនុស្សស្រីទាំងអស់ ពិតជាមិនចង់អោយបញ្ហានេះឆាប់កើតឡើងមកលើខ្លួនទេ។ ហេតុនេះហើយ ទើបមានមនុស្សស្រីជាច្រើនបានស្វះស្វែងរកវិធីផ្សេងៗទាំងការលាបផលិតផលថែរក្សាស្បែក ឬទទួលទាននូវអាហារដែលជំនួយដល់ស្បែកអោយរក្សាភាពតឹងណែននៅក្មេងខ្ចីជាដើម។
យ៉ាងណាមិញ ពេលខ្លះមិត្តនារីទាំងឡាយ តែងតែសំលឹងមើលបញ្ហាខាងក្រៅ ដោយភ្លេចគិតពីបញ្ហាមួយចំនួនដែលខ្លួនបានអនុវត្តន៍ ទើបបណ្តាលអោយស្បែកឆាប់ចាស់ជ្រីវជ្រួញបែបនោះ។ ជាការពិត មានទម្លាប់ជាច្រើន ដែលមិត្តនារីមួយចំនួនតែងតែធ្វើនៅពេលយប់មុនចូលគេង ព្រោះពួកគេគិតថា វាមិនបង្កគ្រោះថ្នាក់អ្វីឡើយ តែតាមការពិត ទម្លាប់ទាំងនេះគឺជាពិរុទ្ធជនដែលធ្វើឱ្យអ្នកឆាប់ចាស់ខ្លាំងណាស់។
តើទង្វើមិនល្អមុនពេលគេងទាំងនោះជាអ្វីខ្លះទៅ?
ញុំាមុនពេលចូលគេង៖ ប្រសិនបើអ្នកញុំាមុនពេលចូលគេង នោះលំពែង និងក្រពះអាចចាស់យ៉ាងឆាប់រហ័ស។ យកល្អគួរតែកុំញុំាអ្វីក្នុងរយៈពេល ៣ ម៉ោងមុនពេលចូលគេង។ មូលហេតុគឺដោយសារតែពេលគេង អាហារត្រូវបានរំលាយយឺត ៗ។ ការទទួលទានអាហារច្រើនពេក នឹងបង្កើនបន្ទុកលើក្រពះ ហើយឈាមក្នុងក្រពះនឹងថយចុះ ដែលធ្វើឱ្យការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់។ ក្រៅពីនេះ ការទទួលទានអាហារច្រើនពេក ក៏ងាយបង្កឱ្យក្រពះយារធ្លាក់ និងបញ្ចេញជាតិអាស៊ីតក្នុងក្រពះច្រើនហួសប្រមាណ។ ក្នុងពេលជាមួយគ្នានេះអាចបណ្តាលឱ្យមានដំបៅក្រពះ អាស៊ីតក្រពះ និងប្រតិកម្មដទៃទៀតដែលធ្វើឱ្យប៉ះពាល់ដល់រាងកាយ។
ខឹងមុនពេលចូលគេង៖ ការឆាប់ខឹងមុនពេលចូលគេង អាចបង្កើនល្បឿនភាពចាស់នៃថ្លើម។ នៅពេលដែលអារម្មណ៍រំជើបរំជួល អារម្មណ៍តានតឹង ឬក្រៀមក្រំ អាចធ្វើឱ្យអ្នកពិបាកគេង គេងមិនលក់។ នៅពេលនេះ រាងកាយនឹងបញ្ចេញសារធាតុមួយដែលប៉ះពាល់ដល់សរសៃប្រសាទខួរក្បាល រំខានសរសៃប្រសាទធ្វើឱ្យការគិតមិនច្បាស់លាស់ និងប្រមូលផ្តុំឧស្ម័នពុលនៅក្នុងថ្លើម។ ស្ថានភាពនេះ ប្រសិនបើអូសបន្លាយយូរ នឹងធ្វើឱ្យថ្លើមរបស់អ្នកឆាប់ចាស់។ នេះបណ្តាលឱ្យរាងកាយទទួលផលប៉ះពាល់ដូចគ្នាដែរ។
ប្រើទូរស័ព្ទមុនពេលចូលគេង៖ មនុស្សជាច្រើនមានទម្លាប់មើលទូរស័ព្ទរបស់ពួកគេមុនពេលចូលគេង ក្នុងគោលបំណងជួយឱ្យភ្នែកភ្លឺគេងលក់ស្រួល។ ទោះយ៉ាងណា ទម្លាប់នេះមិនល្អទេ។ការប្រើទូរស័ព្ទមុនពេលចូលគេងនឹងធ្វើឱ្យស្បែកបាត់បង់ជាតិសំណើមច្រើន ដោយសារការបញ្ចេញកាំរស្មី។ វានឹងបណ្តាលឱ្យស្បែកប្រឈមនឹងបញ្ហាជាច្រើនដូចជា ការប្រមូលផ្តុំសារធាតុពណ៌ជាតិខ្លាញ់លើស និងធ្វើឱ្យឡើងមុន។ ប្រសិនបើយប់អ្នកមើលទូរសព្ទយូរពេក ថ្ងៃក្រោយអ្នកនឹងឃើញមានបញ្ហាស្បែកធ្ងន់ធ្ងរ រង្វង់ខ្មៅក្រោមភ្នែក ស្នាមជ្រួញផងដែរ។ បន្ថែមពីនេះ នៅពេលយប់ វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលមានក្នុងទូរស័ព្ទនឹងបញ្ចេញមកយ៉ាងច្រើន ។ វិទ្យុសកម្មទាំងនេះនៅពេលត្រូវបានប៉ះពាល់ជាទៀងទាត់ អាចបង្កជម្ងឺធ្ងន់ធ្ងរដូចជាមហារីកថែមទៀត។
ធ្វើលំហាត់ប្រាណខ្លាំងពេក៖ ការធ្វើលំហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយដូចជា ជួយពន្លឿនចរាចរឈាម ជម្រុញការរំលាយអាហារ និងបំបាត់ជាតិពុលដែលបង្កគ្រោះថ្នាក់ចេញពីរាងកាយ។ ទោះយ៉ាងណា ប្រសិនបើអ្នកហាត់ប្រាណខ្លាំងពេកនៅពេលគេង វានឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទខ្លាំងពេក និងបណ្តាលឱ្យគេងមិនលក់។ ទន្ទឹមនឹងនេះ ការធ្វើលំហាត់ប្រាណខ្លាំងក្លាមុនពេលចូលគេង ក៏ធ្វើឱ្យស្បែកស្រអាប់ និងជ្រីវជ្រួញលឿនជាងមុនដែរ។ ដូច្នេះអ្នកគួរចៀសវាងការធ្វើលំហាត់ប្រាណ ១-២ ម៉ោងមុនពេលចូលគេង ហើយជ្រើសរើសលំហាត់ប្រាណទន់ភ្លន់។