នៅពេលដែលយើងមានបញ្ហារំលាយអាហារ ធ្វើឲ្យយើងមានអាការៈ ឆ្អល់ពោះ ហើមពោះ ទល់លាមក រាក ក្អួតជាដើម យើងគួរចៀសវាងប្រភេទអាហារមួយចំនួន ដើម្បីកុំឲ្យអាការៈរបស់យើងកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកកំពុងមានអាការៈពិបាករំលាយអាហារសូមជៀសវាងអាហារខាងក្រោមនេះ៖
អាហារទុកយូរ ឬមិនបានលាងសម្អាត៖ បាក់តេរីដែលកើតឡើងពីអាហារដែលទុកយូរ ឬ ឆៅ អាចបណ្ដាលឲ្យយើងមានអាការៈដូចជាពុលអាហារ ចុកពោះ ឬមានបញ្ហាដទៃទៀត។ ជំនួសមកវិញ យើងគួរញ៉ាំគ្រាប់ធញ្ញជាតិ ឬ បន្លែដែលឆ្អិនល្អ ដើម្បីជំរុញជាតិសរសៃ និងធ្វើឲ្យសុខភាពរំលាយអាហារ ល្អប្រសើរជាងមុន។
អាហារហឹរ ឬ ក្ដៅ៖ ប្រសិនបើយើងមានអាការៈឆ្អល់ពោះ ក្អួត ឬរាក យើងមិនគួរញ៉ាំអាហារណាដែលរំញោចដល់ប្រព័ន្ធរំលាយអាហារឡើយ ជាពិសេសគឺអាហារក្ដៅ និងហឹរ។ ផ្ទុយទៅវិញ យើងអាចងាកមកញ៉ាំអាហារណាដែលទន់ៗ និងស្រួលរំលាយ ទើបជាការប្រសើរ។
អាហារធ្វើពីទឹកដោះ៖ អាហារដែលធ្វើពីទឹកដោះ ភាគច្រើនមានជាតិ Lactose នៅពេលដែលជាតិ Lactose មិនបានរំលាយត្រឹមត្រូវ វានឹងបង្កទៅជាជាតិហ្គាស ព្រមទាំងធ្វើឲ្យយើងហើមពោះជាដើម។ លើសពីនេះ ប្រសិនបើយើងញ៉ាំជាតិ Lactose ច្រើនជ្រុល វានឹងចូលទៅក្នុងពោះវៀនធំ ដែលអាចបណ្ដាលឲ្យយើងមានអាការៈរាគរូស។
អាហារមានជាតិអាស៊ីត៖ ទឹកប៉េងប៉ោះ និងពពួកផ្លែក្រូច ដូចជាក្រូចឆ្មារ ក្រូចខ្វិចជាដើម មានផ្ទុកជាតិអាស៊ីដច្រើន ដែលធ្វើឲ្យរលាកដល់ស្រទាប់ក្រពះរបស់យើង នឹងបណ្ដាលទៅជាបញ្ហារំលាយអាហារ។ ជាមួយគ្នានេះដែរ ភេសជ្ជៈមានជាតិកាបូន ក៏មានផ្ទុកជាតិអាស៊ីដផងដែរ។ ដូច្នេះហើយ ពេលដែលយើងមានបញ្ហាឆ្អល់ពោះ ចូរចៀសវាងញ៉ាំអាហារទាំងនេះ។
គ្រឿងស្រវឹង៖ ជាតិអាកុលក្នុងគ្រឿងស្រវឹង គឺអាចបំពុលដល់ស្រទាប់ក្រពះ ព្រមទាំងផ្លាស់ប្ដូរការធ្វើមេតាប៉ូលីសរបស់ថ្លើម។ ការញ៉ាំជាតិអាកុលច្រើន អាចបណ្ដាលឲ្យមានការពិបាកក្នុងការរំលាយអាហារ និងបញ្ហាសុខភាពដទៃទៀត។ ហេតុនេះហើយ យើងគួរតែញ៉ាំគញរឿងស្រវឹងនៅក្នុងកម្រិតមួយសមរម្យ ប្រសិនបើយើងមិនចង់មានអាការៈដូចជាក្អួត ឬវិលមុខ នៅថ្ងៃបន្ទាប់ទេនោះ៕