តើប្រិយមិត្តទាំងអស់គ្នាដឹងទេថា ការផឹកទឹកក្រូចឆ្មារនៅពេលព្រឹក បានផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនស្អេកស្កេះ។ យើងអាចធ្វើទឹកក្រូចឆ្មារបានដោយច្របាច់ក្រូចឆ្មារកន្លះផ្លែទៅក្នុងទឹកមួយកែវ។ ក្រោយពីផឹកទឹកក្រូចឆ្មាររួច កុំទាន់ញ៉ាំអាហារប្រហែល ៣០ នាទីដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើងដែលមានដូចជា៖
ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងជាតិប៉ូតាស្យូម។ វីតាមីន C ជួយក្នុងការព្យាបាលជំងឺផ្តាសាយ ហើយប៉ូតាស្យូម ជួយភ្ញោចមុខងារខួរក្បាល និងប្រពន្ធ័សរសៃប្រសាទ និងព្រមទាំងជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។
ជួយសម្រកទម្ងន់ ៖ ដោយសារនៅក្នុងក្រូចឆ្មារមានជាតិសរសៃ Pectin ខ្ពស់ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការស្រេកឃ្លាន ដូច្នេះ វាជួយធ្វើឲ្យអ្នកមិនសូវឃ្លាន និងឆាប់ឆ្អែត។
ជួយការទល់លាមក៖ ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកគឺអាចជួយបង្ការការទល់លាមកនិងជួយឲ្យប្រព័ន្ធរំលាយអាហារដើរបានល្អ។ ម៉្យាងទៀតក៏ជួយរាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹម និងសម្រកទម្ងន់ដែរ។
ជួយរំលាយអាហារ ៖ ទឹកក្តៅឧណ្ឌៗ ជួយដល់មុខងារក្រពះពោះវៀន និងជួយឲ្យពោះវៀនមានចលនាល្អ។ ក្រូចឆ្មារ មានជាតិរ៉ែ និងវីតាមីនខ្ពស់ ដែលអាចជួយបន្ធូរលាមក និងកម្ចាត់ជាតិពុលនៅក្នុងបំពង់រំលាយអាហារ។
សម្បូរវីតាមីន C៖ ក្រូចឆ្មារសម្បូរដោយ វីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារកោសិកាពីការខូចខាតបង្កដោយពួករ៉ាឌីកាល់សេរី។ ម៉្យាងទៀត វីតាមីន C អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ចុះសម្ពាធឈាម។
ដាស់ស្មារតី និងបង្កើនថាមពល៖ ប៉ូតាស្យូមក្នុងក្រូចឆ្មារជួយដល់មុខងារខួរក្បាល និងសរសៃប្រសាទឲ្យប្រសើរឡើងដែលនេះក៏បង្កើនស្មារតីដែរ។ ការហិតក្លិនក្រូចឆ្មារក៏ជួយឲ្យរាងកាយបញ្ចេញអរម៉ូនអារម្មណ៍ល្អ និងបន្ថយកម្រិតស្ត្រេសដែរ។
បំពេញជាតិទឹក៖ នៅពេលរាងកាយយើងមានជាតិទឹកគ្រប់គ្រាន់ រាងកាយយើងនឹងមិនស្តុកទុកកោសិកាខ្លាញ់ និងមិនធ្វើឲ្យយើងមានអារម្មណ៍ឃ្លាន។ ដូចនេះការរក្សាជាតិទឹកក្នុងរាងកាយគឺសំខាន់ដល់សុខភាពណាស់។
សុខភាពស្បែក៖ ក្រូចឆ្មារមានវីតាមីន C ដែលវីតាមីននេះជាជំនួយដល់ការផលិតខូឡាជែន បង្ការស្នាមជ្រួញ និងការពារស្បែកពីការខូចខាតដោយសារពួករ៉ាឌីកាល់សេរី។ រីឯទឹកវិញអាចជួយផ្តល់សំណើមដល់ស្បែកព្រោះនៅពេលស្បែកស្ងួតងាយនឹងមានស្នាមជ្រួញ។
បង្ការក្រួសក្នុងតម្រងនោម៖ អាស៊ីដស៊ីទ្រីក (Citric Acid) ក្នុងក្រូចឆ្មារអាចជួយបង្ការក្រួសក្នុងតម្រងនោម។ សារធាតុស៊ីដ្រាត (Citrate) របស់អាស៊ីដស៊ីទ្រីកជួយបញ្ចុះជាតិអាស៊ីតក្នុងទឹកនោម និងអាចបំបែកក្រួសតូចៗទៀតផង។ ការផឹកទឹកក្រូចឆ្មារមិនត្រឹមតែផ្តល់សារធាតុស៊ីដ្រាតទេ នៅផ្តល់នូវជាតិទឹកដែលយើងត្រូវការក្នុងការបង្ការ និងបញ្ចេញក្រួសទាំងនោះដែរ។ វាក៏នៅមានប្រយោជន៍ផ្សេងទៀតដូចជា ជួយធ្វើឲ្យមានលំនឹងអាស៊ីតបាសនៅក្នុងរាងកាយ និងជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ដោយវាធ្វើឲ្យអ្នកនោមច្រើន និងជួយកម្ចាត់ជាតិពុលពីក្នុងឈាម រួមទាំងជួយដល់ប្រព័ន្ធទឹករង៉ៃផងដែរ៕