ប្រិយមិត្តនារីមួយចំនួនប្រហែលជាធ្លាប់បានដឹងពីអត្ថប្រយោជន៍នៃពងមាន់ក្នុងការថែទាំសម្រស់ជាមិនខាន។ ផ្នែកពណ៌សនៃពងមាន់ត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំសម្រាប់ផលិតនូវផលិតផលសម្រស់ជាច្រើនដែលក្នុងនោះរួមមានម៉ាសពងមាន់បែបធម្មជាតិដែលទទួលបានការពេញនិយម។ សម្រាប់ម៉ាសពងមាន់ដែលយើងខ្ញុំនឹងលើកបង្ហាញនេះមានអត្ថប្រយោជន៍ជួយបង្រួមរន្ធញើស បន្តឹងស្បែកមុខ និង ជួយបំបាត់រាល់បញ្ហាមុននៅលើផ្ទៃមុខបានថែមទៀតផង។
អ្នកអាចធ្វើម៉ាសពងមាន់បានដោយអ្នកត្រូវការគ្រឿងផ្សំដូចជា ពងមាន់ ១ គ្រាប់ ក្រូចឆ្មារ ១ ចំណិត ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។
សម្រាប់វិធីធ្វើវិញគឺអ្នកត្រូវគោះពងមាន់ដាក់ចាន ដោយយកតែផ្នែកពណ៌សប៉ុណ្ណោះ។ ច្របាច់ក្រូចឆ្មារមួយចំណិតចូល និងបន្ថែមជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ កូរល្បាយឲ្យសព្វចូលគ្នា រហូតដល់មានឡើងពពុះ។
សម្រាប់វិធីប្រើ មានចំនួន២ ហើយអ្នកអាចជ្រើសរើសវិធីណាមួយដែលអ្នកពេញចិត្តបាន។ សម្រាប់វិធីទី១ គឺយកដៃលាបម៉ាសនៅលើផ្ទៃមុខ រួចអប់ទុកឲ្យស្ងួតប្រមាណពី ១០ទៅ១៥នាទី សឹមលាងទឹកចេញ។ រីឯវិធីទី២វិញ គឺអ្នកត្រូវលាងមុខជាមួយទឹកក្ដៅឧណ្ហៗដើម្បីឲ្យមុខបើករន្ធញើសជាមុនសិន រួចយកក្រដាសជូតមាត់ផ្ដិតចូលម៉ាសឲ្យជោគ រួចយកមកបិទលើផ្ទៃមុខ និងទុកឲ្យស្ងួតប្រមាណពី ១០ទៅ១៥នាទី សឹមលាងទឹកចេញជាការស្រេច៕