ដោយសារចង់បានភាពស្រស់ស្អាតក្មេងវ័យនោះ មានប្រិយមិត្តជាច្រើនបានស្វះស្វែងរកការប្រើប្រាស់ផលិតផល ការទទួលទានអាហារថ្លៃៗ ជាដើម។ ទោះពេលខ្លះវាមានប្រសិទ្ធភាពពិតមែន ប៉ុន្តែវាធ្វើអោយអ្នកត្រូវចំណាយថវិកាអស់ច្រើនណាស់។ តាមពិតទៅ វិធីងាយៗរក្សាសម្រស់របស់អ្នកគឺនៅជុំវិញខ្លួនអ្នកហ្នឹងហើយ គ្រាន់តែអ្នកមិនបានចាប់អារម្មណ៍ប៉ុណ្ណោះ។ នៅពេលនេះដែរ យើងខ្ញុំនឹងទម្លាយអាថ៌កំបាំងថែរក្សាសម្រស់ដូចបង្ហាញខាងក្រោមទាំង ៥ ចំណុច ធានាអាចជួយឲ្យអ្នកនឹងមានសម្រស់ក្មេងជាងវ័យ មិនអស់លុយច្រើនទៀត។
ការផ្គត់ផ្គង់វីតាមីននិងសារធាតុរ៉ែដែលត្រូវការ៖ វីតាមីន C ដើរតួជួយបង្កើនភាពធន់ដល់រាងកាយ ជួយឲ្យប្រព័ន្ធឈាមរត់ស្រួលនិងជំរុញដល់ការផលិតកូឡាជែនយ៉ាងមានប្រសិទ្ធភាព។ ជារួមវាមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនអាចខ្វះបានក្នុងដំណើរការថែរក្សាស្បែក។ វីតាមីន A ដើរតួក្នុងការបញ្ចៀសការឡើងមុន និងការគ្រប់គ្រងក្រពេញ Sebaceous។ ទន្ទឹមនេះ វាក៏ជំរុញដល់ការផលិតកោសិកាថ្មីផងដែរ។ វីតាមីន E ជួយប្រឆាំងស្បែកស្ងួត ជ្រីវជ្រួញ និងកោសិកាងាប់។ ការបន្ថែមវីតាមីន E នឹងជួយឲ្យស្បែកមានសភាពទន់ល្មើយ និងការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ។
ការធ្វើលំហាត់ប្រាណ៖ គួរឆ្លៀតធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ មិនថាតែលំហាត់ប្រាណស្រាលដូចជាយូហ្គាជាដើមនោះ ក៏អាចកាត់បន្ថយបញ្ហាស្រ្តេស ធ្វើឲ្យចរន្តឈាមដើរល្អ និងបន្ថែមភាពរឹងមាំសម្រាប់រាងកាយរបស់យើងទៀតផង។
គេងលក់ស្កប់ស្កល់៖ ត្រូវធានាថាខ្លួនឯងអាចគេងលក់បានគ្រប់គ្រាន់ ព្រោះកង្វះការគេង នឹងធ្វើឲ្យអសមត្ថភាពដល់ការផលិតអ័រម៉ូនចាំបាច់មួយចំនួនបណ្តាលឲ្យស្បែកឡើងខ្មៅ ស្រអាប់ និងកើតមុន។ ស្បែកត្រូវការសម្រាក និងជួសជុលបង្កើតឡើងវិញនៅកំឡុងពេលគេងនេះឯង ដូច្នេះការគេងលក់ស្កប់ស្កល់និងគ្រប់គ្រាន់ក៏ជាចំណែក ចូលរួមចិញ្ចឹមស្បែកបានយ៉ាងល្អផងដែរ។
ទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម៖ វិធីងាយបំផុតគឺជ្រើសរើសអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូចជាប៉េងប៉ោះ បឺរី ខ្ទឹមស ខ្ញី ដែលនេះជាប្រភេទអាហារអាចប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងទៀតដូចជាស៊ុត សាច់ត្រី និងមាន់ជាដើម។
បន្ធូរអារម្មណ៍តាមរយៈការទទួលទានតែ៖ សារធាតុល្អៗដែលមាននៅក្នុងតៃបៃតង ត្រូវបានគេរកឃើញថាមានប្រយោជន៍ដល់ក្រពះពោះវៀន និងជួយបន្ធូរអារម្មណ៍យើងបានយ៉ាងល្អ។ លើសពីនេះវាក៏សម្បូរទៅដោយវីតាមីន C និងសារធាតុរ៉ែខ្ពស់ ដែលជួយចិញ្ចឹមស្បែក ឲ្យឡើងតឹងណែនល្អ ហើយបំបាត់រង្វង់ខ្មៅ និងស្នាមជ្រួញមួយចំនួនទៀតផង៕