ម៉ាក់ៗជាច្រើនប្រាកដជាកង្វល់ចិត្តចំពោះបញ្ហាកូនកណ្ដុរនៅលើ ក ជាពិសេសអ្នកមានកូនតូចៗ។ ជាការពិត កូនកណ្ដុរនោះ គឺជាក្រពេញរាងដូចសណ្ដែកតូចមួយអាចនៅជាប់ក ជុំវិញក ឬរត់មកក្រោយគុម្ពត្រចៀក។ កូនកណ្ដុរនោះជាផ្នែកសំខាន់របស់ប្រព័ន្ធភាពស៊ាំ ព្រោះវាជួយការពាររាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគ និងជំងឺផ្សេងៗ។ កូនកណ្ដុរមានទីតាំងគ្រប់ទីកន្លែងក្នុងរាងកាយ ហើយជាធម្មតាវាអាចមិនអាចមើលឃើញច្បាស់ទេទាល់តែយកដៃស្ទាបទើបដឹង ហើយវាពុំបង្កការឈឺចាប់នោះដែរ។ ប៉ុន្តែនៅពេលយើងមិនស្រួលខ្លួន វាក៏រីកមាឌធំឡើង ឬហើម។
ជាទូទៅ ក្នុងកូនកណ្ដុរមានគ្រាប់ឈាមសឡាំផូសីត និងម៉ាក្រូផាស ដែលមានតួនាទីសំខាន់ក្នុងការសម្លាប់មេរោគ និងចម្រោះសារធាតុពុលផ្សេងៗក្នុងប្រព័ន្ធទឹករងៃ។ បើនិយាយពីទីតាំងរបស់កូនកណ្ដុរមានចំនួនរាប់រយ លើពេញរាងកាយ ជាធម្មតាវាទំហំប៉ុនគ្រាប់សណ្ដែក ឬប៉ុនចុងកូនដៃ ឬធំជាងនេះ អាស្រ័យលើមនុស្សតែមិនគួរមានទំហំលើសពី ២ សមទេ រូបរាងរបស់វាក្រឡេកក្រឡាច់ មិនឈឺ។
បើហើមកូនកណ្ដុរនៅជុំវិញកអាចបង្ហាញពីការឆ្លងវីរុសផ្សេងៗដូចជា ផ្ដាសាយ រលាកបំពង់ក ស្អូច គ្រុនឈាម គ្រុនឈិក គ្រុនក្ដៅ។ បើបង្ករោគដោយបាក់តេរីដូចជាហើមរលាកក្នុងរាងកាយ អេដស៍ អំបៅអំបែក បូស រលាកកោសិកា គ្រុនពោះវៀន របេងកូនកណ្ដុរ។
ជាធម្មតាកូនកណ្ដុរគ្មានអ្វីគួរឲ្យបារម្ភអត់ទេ ប៉ុន្តែបើសង្កេតឃើញដូចខាងក្រោម ត្រូវប្រញាប់ទៅជួបពេទ្យ៖
កូនកណ្ដុរឡើងហើម ក្រហម ឈឺ
កូនកណ្ដុរមានទំហំធំទៅៗមិនព្រមស្រកលឹបបាត់វិញ ទាំងដែលអាការៈឈឺបានជាសះស្បើយ
កូនកណ្ដុរទំហំធំជាង ២សម អត់ក្រឡេចក្រឡាច់ ពោលគឺលានដូចដុំពក
ឡើងហើមកូនកណ្ដុរ ហើយស្រកគីឡូ ក្ដៅខ្លួន៕