ស្លឹកតើយ ត្រូវបានគេនិយមប្រើសម្រាប់ផ្តល់ក្លិនឈ្ងុយក្នុងម្ហូបអាហារ។ បន្ថែមពីនេះ ស្លឹកតើយ មានប្រយោជន៍ខាងផ្នែកឱសថបុរាណជួយដល់សុខភាព និងសម្រស់ថែមទៀត ដោយគ្រាន់តែយកស្លឹកតើយដាំជាមួយទឹក ដើម្បីធ្វើជាតែទទួលទានប៉ុណ្ណោះ។
ដើម្បីទទួលបានតែស្លឹកតើយអ្នកអាចធ្វើវាបានដោយគ្រាន់តែយកស្លឹកតើយមួយបាច់ល្មម ដាំលាយជាមួយទឹកមួយឆ្នាំង ឬមួយកំសៀវរហូតដល់ពុំឆ្អិនល្អជាការស្រេច។ វិធីម្យ៉ាងទៀតអ្នកអាចដាំតែធម្មតាដែលអ្នកទទួលទានជាប្រចាំ ហើយបង់ស្លឹកតើយប្រមាណជា ៥ ៦សន្លឹកចូលក៏បានផងដែរ។
ជាការពិត តែស្លឹកតើយមួយកែវ ធ្វើអោយអ្នកទទួលបានអត្ថប្រយោជន៍ដូចជា៖
ជួយបន្ថយសម្ពាធឈាម៖ស្លឹកតើយអាចជួយបន្ថយសម្ពាធឈាម ដែលឡើងខ្ពស់ឱ្យស្ថិតមកសភាពប្រក្រតីវិញ ថែមទាំងអាចបំបាត់អាការវិលមុខ ធីងធោង និងអស់កម្លាំង ។
ជួយគ្រប់គ្រងកម្រិតជាតិស្ករ៖ សារធាតុសំខាន់ៗនៅក្នុងស្លឹកតើយ អាចជួយកាត់បន្ថយការប៉ះពាល់ ដល់ការផលិតអរម៉ូនអាំងស៊ុតលីន។ ដូច្នេះការទទួលទានតែស្លឹកតើយជាប្រចាំ អាចជួយកាត់បន្ថយជាតិស្ករក្លុយកូសនៅក្នុងឈាម ដែលទាំងនេះសុទ្ធតែ មានផលល្អចំពោះអ្នក ដែលមានជំងឺទឹកនោមផ្អែមតែម្តង។
បំបាត់ការឈឺចុកចាប់សាច់ដុំ៖ ទទួលទានតែស្លឹកតើយ អាចជួយបញ្ចុះកម្តៅ និងអាចជួយបន្ថយការឈឺចុកចាប់ផ្សេងៗបានដូចជា អាការគ្រុនក្តៅ ក្រពះពិបាករំលាយអាហារ និងបន្ថយអាការរមួលក្រពើបានផងដែរ។ នៅក្នុងនោះផងដែរ ស្លឹកតើយត្រូវបានគេដឹងថា អាចយកមកព្យាបាលជំងឺរលាកសន្លាក់ ដោយគ្រាន់តែយកស្លឹកតើយមកបុក រួចយកទៅដាំជាមួយប្រេងដូងឱ្យក្តៅ សឹមបិទលើមុខរបួសសន្លាក់ជាការស្រេច។
ជំនួយដល់ជំងឺសន្លាក់៖ ជាតិអាស៊ីតឡើងខ្ពស់ ក្នុងរាងកាយ នឹងអាចធ្វើឱ្យអ្នកកើតមានជំងឺរលាកសន្លាក់បាន ប៉ុន្តែការទទួលទានតែស្លឹកតើយជាប្រចាំ ត្រូវបានគេដឹងថាអាចជួយបន្ថយជាតិអាស៊ីតនៅក្នុងឈាម ឱ្យត្រលប់មកសភាពធម្មតាវិញជំនួយដល់អ្នកដែលមានបញ្ហាសន្លាក់ Gout ជាពិសេសថែមទាំងអាចជួយកម្ចាត់បញ្ហាក្រួសក្នុងតម្រងនោមផងដែរ។
ប្រឆាំងជំងឺមហារីក៖ ស្លឹកតើយ អាចជួយការពារកោសិកាមហារីក កាចសាហាវ ថែមទាំងប្រឆាំងនឹងជាតិពុលដែលបង្កគ្រោះថ្នាក់ ដល់សុខភាពផងដែរ។ ការទទួលទានតែស្លឹកតើយជាប្រចាំ ត្រូវបានគេដឹងដែរថា អាចជួយទប់ស្កាត់ការរីករាលដាល និងព្យាបាលជំងឺមហារីកទៀតផង។
ជួយបង្កើនចំណង់អាហារ៖ សម្រាប់អ្នកដែលមិនសូវជាឃ្លានអាហារ ឬធុំក្លិនអាហារ មិនចង់ទទួលទានអ្វីទាំងអស់នោះ ជាពិសេសអ្នកដែលកំពុងតែមានជំងឺ ឬទើបតែពីជាសះស្បើយពីជំងឺតែម្តង ការទទួលទានតែស្លឹកតើយជាប្រចាំអាចជួយបង្កើនចំណង់អាហាររបស់អ្នកបានយ៉ាងប្រសើរផងដែរ។៕