ការសិក្សាជាច្រើនបានផ្សារភ្ជាប់ការផឹកស្រាទំពាំងបាយជូរទៅនឹងការទប់ស្កាត់ជំងឺបេះដូង និង ជំងឺដទៃទៀត ប៉ុន្តែទឹកទំពាំងបាយជូរសុទ្ធក៏ផ្តល់អត្ថប្រយោជន៍ដូចស្រាទំពាំងបាយជូរដែរ។
រឹតតែល្អជាងនេះទៀតនោះគឺថាទឹកទំពាំងបាយជូរអាចញ៉ាំបានទាំងចំពោះកុមារនិងមនុស្សចាស់ ដែលខុសពីស្រាទំពាំងបាយជូរ ដែលញ៉ាំបានតែមនុស្សធំ។
យើងអាចធ្វើទឹកទំពាំងបាយជូរញ៉ាំតាមរូបមន្តខាងក្រោមនេះ៖
គ្រឿងផ្សំ
ទំពាំងបាយជូរដកគ្រាប់ចេញចំនួន២ចានចង្កឹះ
ទឹកឆ្អិន១កែវ
ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ
អំបិល១ភាគ៤ស្លាបព្រាហ្វេ
ស្ករស១ស្លាបព្រាបាយ
ទឹកកក១កែវ
របៀបធ្វើ៖ លាងទំពាំងបាយជូរឱ្យស្អាតជាមួយទឹកត្រជាក់ និងសម្រឹតទឹកឱ្យអស់។ ដាក់ទឹកឆ្អិនទំពាំបាយជូរនិងស្ករសចូលម៉ាស៊ីនក្រឡុក រួចក្រឡុករហូតដល់ខាប់ល្អ។ ច្រោះយកតែទឹកទំពាំងបាយជូរសុទ្ធ ហើយដាក់អំបិលនិងទឹកក្រូចឆ្មា ហើយកូរឱ្យសព្វ។ កាយពពុះសៗចេញឱ្យអស់។ ដាក់ទឹកកកចូល រួចទទួលទានទាំងត្រជាក់ៗ ជាការស្រេច។
ជាការពិត អត្ថប្រយោជន៍របស់ទំពាំងបាយជូរមានដូចជា វាផ្ទុកសារធាតុអង់ទីអុកស៊ីដង់សម្រាប់ជំរុញប្រព័ន្ធភាពស៊ាំ និងមានផ្ទុកសារធាតុ Flavonoids ល្អសម្រាប់បេះដូង។
ទំពាំងបាយជូរក៏មានសារធាតុគីមីធម្មជាតិហៅថា Ployphenols សម្រាប់ជំរុញមុខងារខួរក្បាលនិងការចងចាំ និងសារធាតុប៉ូតាស្យូមសម្រាប់បន្ថយសម្ពាធឈាម ព្រមទាំងសារធាតុ Reservatrol សម្រាប់ទប់ស្កាត់ជំងឺមហារីកផងដែរ៕