ផ្ទៃមុខ គឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយដែលយើងគួរតែយកចិត្តទុកដាក់មើល ថែរក្សាអោយបានល្អបំផុត។ ប្រសិនបើអ្នកទាំងអស់គ្នាមិនធ្លាប់បានលឺពីវីធីប្រើប្រាស់ស៊ុត បិទធ្វើជាម៉ាសមុខពីមុនមកទេ យើងសូមណែនាំអ្នកទាំងអស់គ្នាអោយសាកល្បងវិធីថែរក្សាផ្ទៃមុខតាម វីធីនេះទាំងអស់គ្នា ព្រោះអីវាចំណាយលុយតិចតួចបំផុត គ្មានផលប៉ះពាល់ទេ រីឯអត្ថប្រយោជន៍ដែលអ្នកទទួលបានគឺវាមានច្រើនលើសលុបមុនគួរអោយ ជឿឡើយ។
នៅក្នុងស៊ុត វាមានផ្ទុកទៅដោយសារធាតុប្រូតេអ៊ីនដល់ទៅជាង ៨៩ ប្រភេទឯណោះ ដែលសុទ្ធតែជាអាហារដ៏ល្អសម្រាប់កោសិកាស្បែកមុខ។ បន្ថែមពីលើនេះទៀតវាក៏សំបូរទៅដោយវីតាមីន A និង សារធាតុ Collagen ផងដែរ ដែលមានប្រសិទ្ធភាពខ្ពស់អាចព្យាបាលកោសិការចាស់ៗអោយរស់ឡើងវិញ បំបាត់ស្នាមអុជៗ និងធ្វើអោយស្បែកមុខមានភាពតឹងណែនល្អ ស្រស់ថ្លាជាងមុនជាដើម។ ដើម្បីដឹងអោយកាន់តែច្បាស់ពីប្រសិទ្ធភាពរបស់វានោះ មានតែការសាកល្បងតែប៉ុណ្ណោះ ហើយចំពោះវត្ថុផ្សំ និងរបៀបធ្វើគឺមានភាពងាយស្រួលបំផុតមិនគួរអោយជឿ។
អ្វីដែលអ្នកត្រូវការមានដូចជា ស៊ុតមាន់មួយគ្រាប់, ទឹកក្តៅឧណ្ហៗសម្រាប់លុបលាងមុខ, កន្សែងស្អាតមួយសម្រាប់ជូតមុខ, ក្រូចឆ្មារមួយចំហៀងតូច,ក្រដាសជូតមាត់សម្រាប់បិទពីលើស៊ុត។
សម្រាប់របៀបធ្វើវិញគឺអ្នកត្រូវគោះស៊ុតមាន់ ដោយបែងចែកផ្នែកសមួយផ្នែក ផ្នែកលឿងមួយផ្នែក កុំអោយច្រឡំគ្នា។ កូរស៊ុតផ្នែកស ដោយលាយជាមួយទឹកក្រូចឆ្មា អោយឡើងពពុះ។ លុបលាងផ្ទៃមុខអ្នកជាមួយទឹកក្តៅអ៊ុនៗ ដើម្បីបើករន្ធញើស ងាយស្រួលដល់ស៊ុតក្នុងការជ្រៀតចូលក្នុងស្បែកល្អ រួចជូតសំអាតអោយស្ងួតដោយក្រណាត់ស្អាត។ យកស៊ុតពណ៌សដែលយើងបានកូរអំបាញ់មិញមកលាបសព្វលើផ្ទៃមុខ ប៉ុន្តែហាមលាបលើត្របកភ្នែក និងបបូរមាត់អោយសោះ។ដំណាក់កាលនេះអ្នកអាចយកក្រដាសជូតមាត់បិទពីលើក៏បាន រឺមិនបាច់បិទក៏បានអាស្រ័យតាមចំណង់ចំណូលចិត្តអ្នក។ បន្ទាប់ពីទុកចោលអោយឡើងរឹងស្ងួតរយៈពេលពី 20 ទៅ 30 នាទីហើយ សូមលាងសំអាតវាជាមួយទឹកក្តៅអ៊ុនៗទៀត និងជូតសំអាតអោយអស់ជាតិទឹកជាមួយក្រណាត់ស្អាតមួយ។ ឥលូវនេះលាបស៊ុតផ្ទៃពណ៌លឿងដែលអ្នកបានវាយកូរអោយ សព្វពេញផ្ទៃមុខទៀត និងទុកចោលអោយឡើងកករឹងចន្លោះពី ២០ ទៅ ៣០ នាទីទៀត រួចសឹមលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ ដំណាក់កាលចុងក្រោយសូមលាងទឹកជាមួយទឹកដែលមានសីតុណ្ហភាពធម្មតា ដើម្បីបិទរន្ធញើសអោយតូចវិញទៅជាការស្រេច។
វិធីបិទម៉ាសមុខដោយប្រើប្រាស់ស៊ុតនេះគឺមានប្រសិទ្ធភាពខ្ពស់បំផុត ដែលវាអាចជួយអោយស្បែកមុខកាន់តែមានភាពស្រស់ថ្លា តឹងណែន បំបាត់អស់នូវស្នាមអាចមន៍រុយ មុនខ្សាច់ដែលបង្កប់ខ្លួននៅក្នុងស្បែក រឹតបន្តឹងស្នាមជ្រីវជ្រួញជាដើម។ អ្នកអាចធ្វើការបិទម៉ាសមុខនេះបាន ពីរ រឺ បីដងក្នុងមួយសប្តាហ៍ ហើយយើងសូមធានាថា អ្នកនឹងឃើញប្រសិទ្ធភាពតាំងពីធ្វើលើកទីមួយមកម្ល៉េះ៕